(ភ្នំពេញ)៖ សមាគមសហគ្រិនស្រ្ដីកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធី អបអរសាទរ ទិវាសហគ្រិនស្ដ្រីឆ្នាំ២០១៧ នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមប្រធានបទ «ហេតុអ្វីត្រូវវិនិយោគជាមួយស្ដ្រី?» ព្រោះការវិនិយោគជាមួយស្រ្តី គឺជាគន្លឹះឆ្លាតវៃឈាន ទៅជំរុញ កំណើនសេដ្ឋកិច្ចជាតិ។

 

ទិវាសហគ្រិនស្ដ្រី ឆ្នាំ២០១៧ លើកទី៤ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី ចាន់ សូរីយ៍ រដ្ឋលេខាធិការ ទទួលបន្ទុកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្ដ្រី តំណាងលោកស្រី អ៊ឹង ភន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីនិងលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា (CWEA) ដែលជា អគ្គនាយិកាក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (ជាក្រុមហ៊ុន ផលិតនំស្រួយ លី លី) និងអនុប្រធានក្រុមទីប្រឹក្សានៃសម្ព័ន្ធគូ្រពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា


ទិវានេះ មានការចូលរួមពី លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មលោកស្រី ឌិត នីតា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Camma Microfinance, លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន GGear, លោកស្រី ជា សុផល្លា អគ្គនាយករង ក្រុមហ៊ុន Emerald Plus, លោកស្រី ពាន់ ភួងបុប្ផា ចាងហ្វាងផលិតកម្មផ្កាប្រាំ និងមានអ្នកចូលរួមពីស្ថាប័ន ពាក់ព័ន្ធនានាជាច្រើនរូបទៀត។

ឯកអគ្គរាជទូតទិវាសហគ្រិនស្ត្រីអ្នកនាង ជា សុខលាង បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ជូនចំពោះ ឧកញ៉ា បណ្ឌិត លោក លោកស្រី អ្នកនាង កញ្ញា ដែលជាវាគ្មិនកិត្ដិយស ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមានវត្ដមាននៅទីនេះ ជាទីគោរពរាប់អាន។

 

អ្នកនាង បានថ្លែងថា «តាំងនាមខ្ញុំផ្ទាល់ជាគណកម្មាធិការៀបចំកម្មវិធីលើប្រធានបទ «ការវិនិយោគលើស្ដ្រីគឺ ជាភាពវៃឆ្លាត» នាងខ្ញុំដែលជាស្ដ្រីមួយរូប ពិតជាមានមោទនភាពចំពោះភាព ជាស្ដ្រីដែលបានខិតខំតស៊ូ ព្យាយាម ជំនះនូវរាល់ឧបសគ្គជីវិត និងសង្គមគ្រប់បែបយ៉ាងដើម្បីទទួលបាននូវគុណវឌ្ឍជីវិតប្រកប​ដោយតម្លាភាព និងតុល្យភាពរវាងបុរស និងស្ដ្រីនៅក្នុង សង្គមកម្ពុជាបច្ចុប្បន្ន»

 

អ្នកនាងបន្ដទៀតថា «នាងខ្ញុំសូមរំលឹក និងកោតសរសើរយ៉ាងអនេក ជូនចំពោះស្ថាបនិកនៃទិវាសហគ្រិនស្ដ្រីនេះ ជាលើកតំបូងបំផុតគឺលោកស្រី Wendy Diamond ដែលលោកស្រីមានទស្សនវិស័យក្នុងការផ្លាស់ប្ដូរនូវផ្នត់គំនិតជនអគតិមួយចំនួនដែលពុំផ្ដល់តម្លៃ និងសន្ដិភាពផ្លូវចិត្តមកកាន់ស្រី្ដ»

 

អ្នកនាង ជា សុខលាង បន្ដថា ស្ដ្រីបានចូលរួមយ៉ាងផុសផលលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យនៃការស្រាវជ្រាវគិតចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន សហគ្រិន នៅប្រទេសកម្ពុជាមានរហូតដល់ជាង៥០ម៉ឺននាក់ ដែលក្នុងនោះស្ដ្រីដែលជាម្ចាស់របស់សហគ្រាសមានរហូតដល់ជាង៣០ម៉ឺន សហគ្រិន ឫស្មើនឹង៦០ភាគរយ នៃចំនួនសហគ្រិនសរុប។

 

លោកជំទាវឧកញ៉ា កែវ មុំ បានឲ្យដឹងថា «ស្រ្ដីគឺអាចមានសមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិបានច្រើន កិច្ចការងាររបស់ស្ដ្រី ដែលយើងធ្វើមានការច្បាសលាស់ តស៊ូ អត់ធ្មន់ ព្យាយាមគ្រប់ បែបយ៉ាង និងទន់ភ្លន់...មកពីមុនយើងមិនមានឱកាស ចូលរួមអភិវឌ្ឍប្រទេសជាតិបានច្រើន ប៉ុន្ដែក្នុងបច្ចុប្បន្នមិនមែន មានត្រឹមតែប្រទេសកម្ពុជានោះទេ គឺទូទាំងពិភពលោក ផ្ដោតទៅលើភាពស្នើគ្នា ដើម្បីផ្ដល់ឱកាសដល់ស្រ្ដីចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ»

 

លោកជំទាវឧកញ៉ា កែវ មុំ បានបញ្ជាក់ថា «នៅក្នុងថ្ងៃនេះ សមាគមស្ដ្រីកម្ពុជា គឺយើងបានរៀបចំពេលនេះឆ្នាំទី៤ហើយ ដែលវេទិកាស្ដ្រីពិភពលោក នៅក្នុងថ្ងៃនេះ»។ ឧកញ៉ាបន្ដថា សមាគមស្ដ្រីកម្ពុជា តែងតែខិតខំប្រឹងប្រែងស្វែងរកដៃគូសហការជាច្រើន មកជួយដល់សមាគមឲ្យសមាគមមានលទ្ធភាព ក្នុងការបើកវគ្គបណ្ដុះបណ្ដាល ​និងផ្ដល់ឱកាសដល់ស្រ្ដី ក្នុងការទំនាក់ទំនងគ្នា ទៅវិញទៅមក ចែករំលែកបទពិសោធន៍គ្នា និងជួយក្នុងការផ្លាស់ប្ដូរអាជីវកម្មគ្នាទៅវិញទៅមក។

 

សូមជម្រាបថា ទិវាសហគ្រិនស្ដ្រី បានប្រាព្ធនៅទូទាំងពិភពលោក នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសដទៃទៀត នឹងប្រាព្ធពិធីមួយថ្ងៃមុន ហើយគឺជាចលនានិងបេសកម្មដ៏ធំបំផុត របស់ពិភពលោកដែលបានឧទ្ទិសដល់ការគាំទ្រការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដីទូទាំងពិភពលោក៕