ទិវាសិទ្ធិនារីអន្តរជាតិ នាឆ្នាំនេះគឺជាខួបលើកទី១០៧ ដែលស្ត្រីនៅលើពិភពលោកបានទាមទារនូវសិទ្ធិសេរីភាពរបស់ខ្លួនទទួលបានជោគជ័យ ។ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការយល់ដឹងច្រើនអំពីសិទ្ធិសេរីភាពរបស់ស្ត្រី នៅក្នុងច្បាប់បាននិយាយថា បុរសអាចធ្វើអ្វីបាន ស្រ្តីក៏អាចធ្វើបានដូចជាបុរសដែរ ហើយមួយរយៈចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានជំរុញ និង លើកទឹកចិត្ត តែងតាំងស្ត្រីឱ្យកាន់តួនាទីជាថ្នាក់ដឹកនាំនៅតាមក្រសួង មន្ទីរ ជាច្រើនមកហើយដែរ ។ ប៉ុន្តែជាមួយគ្នានោះ បើតាមអ្វីដែលគេបានសង្កេតផ្ទាល់ នៅតាមក្រសួង មន្ទីរ និង សហគមន៍មួយចំនួន នៅតែមានការរើសអើងស្ត្រីនៅឡើយ ។


តើអ្វីជាការប្រឈម សម្រាប់ស្ត្រីនាពេលបច្ចុប្បន្ននេះ ?តើស្ត្រីបានចូលរួមអ្វីខ្លះនៅក្នុងសង្គម ? ទាក់ទងនឹងសំណួរនេះ លោកជំទាវឧកញ៉ា កែវ មុំ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និង ជាអគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូអិលធីឌី (ផលិតនំស្រួយ លីលី) ដែលជាស្ត្រីដ៏ឆ្នើមម្នាក់នៅក្នុងសង្គមដែរនោះ បានមានប្រសាសន៍ថា តាមអ្វីដែលខ្ញុំបានមើលឃើញនាពេលបច្ចុប្បន្ននេះ  ស្ត្រីយើងធ្វើបានច្រើន ដោយពួកគាត់បានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឯងដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និង សេដ្ឋកិច្ចជាតិផងដែរ ។ តែវានៅពុំទាន់ល្អប្រសើរណាស់ណានោះទេ ដោយសារតែស្ត្រីយើងទើបតែមានឱកាសបានចូលរួមក្នុងសង្គម និង ពង្រឹងនូវចំណេះដឹងរបស់ខ្លួន ។ បច្ចុប្បន្ននេះ យើងឃើញថា ក្រសួងកិច្ចការនារី  ជាពិសេសរដ្ឋាភិបាល តែងតែជំរុញ និង លើកស្ទួយយែនឌ័រ ហើយលើកទឹកចិត្តដល់ស្ត្រី  ជាពិសេសស្វាមីក៏បានផ្តល់ឱកាសដល់ភរិយា ក្នុងការចូលរួម ក្នុងសង្គមបានច្រើនដែរ ។ តាមបទពិសោធន៍ ដែលនាងខ្ញុំទៅទស្សនកិច្ចនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសជប៉ុន  ម៉ាឡេស៊ី និង សីង្ហបុរីជាដើមនោះគឺគេបានធ្វើការសិក្សាស្រាវជ្រាវរកឃើញថា ស្ថាប័នណា ដែលមានស្ត្រីចូលរួមច្រើន គឺស្ថាប័ននោះ មានការរីកចម្រើនលឿន ។ព្រោះស្ត្រីមានភាពតស៊ូ និង អត់ធ្មត់ជាងបុរសមិនងាយបោះបង់ចោលការងារកណ្តាលទីឡើយ គឺធ្វើការងារដោយចិត្តត្រជាក់ ។

នៅក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នេះដែរ នាងខ្ញុំសូមផ្តាំផ្ញើដល់ស្ត្រីគ្រប់រូប គឺត្រូវមានភាពក្លាហាន ជាពិសេសកុំពឹងផ្អែកទៅលើតែម្ខាងៗ(ស្វាមី) នៅពេលដែលយើងមានការពឹងផ្អែកតែម្ខាង ហើយនៅពេលម្ខាងទៀតមានបញ្ហាគឺយើងដួលដោយខ្លួនឯងតែម្តង ។ ប្រសិនបើបង្គោលនៅក្នុងគ្រួសារមានការរឹងមាំទាំងពីរនាក់នោះ ទោះបីជាបង្គោលណាមួយមានបញ្ហា បង្គោលមួយទៀត  នៅតែរឹងមាំបានដោយខ្លួនឯង ដូច្នេះស្ត្រីគ្រប់រូបត្រូវមានភាពក្លាហាន និង រឹងមាំដោយខ្លួនឯង។ជាពិសេសបើយើងជិះទូកមួយ  ហើយអុំទាំងពីរនាក់នោះគឺទៅដល់គោលដៅបានលឿន ជាងយើងអុំម្នាក់ឯង ។ ដូច្នេះសូមឱ្យបងប្អូនជាស្ត្រីមានភាពក្លាហាន ចេញមកក្នុងសង្គមឱ្យបានច្រើន អាចមើលឃើញអ្វីៗខាងក្រៅបានច្រើន គឺអាចមានការផ្លាស់ប្តូផ្នត់គំនិតឬឆាកជីវិតរបស់ខ្លួនបានលឿនផងដែរ ៕