ផ្តើមអាជីពដំបូងជាអាជីវករ លក់ដូរទំនិញបន្តិចបន្តួច ហើយក្រោយមកជាបុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនសិង្ហបុរីមួយដែលនាំចូលស្រាបៀរ នំ និងភេសជ្ជៈជាដើម អ្នកស្រី កែវ មុំ បានអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាសហគ្រិនស្ត្រីដែលទទួលបានជោគជ័យម្នាក់ដែលមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។

កាលពីថ្ងៃទី ២១ ខែមេសាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុននំស្រួយលីលីរបស់អ្នកស្រី និងរូបអ្នកស្រីផ្ទាល់បានទទួលពានរង្វាន់ចំនួនពីរគឺពានរង្វាន់ «សហគ្រាសល្អបំផុត» និងពានរង្វាន់ «អ្នកគ្រប់គ្រងប្រចាំឆ្នាំ» ពីស្ថាប័ន Europe Business Assembly នាទីក្រុង Oxford ចក្រភពអង់គ្លេស។

អ្នកស្រី បានបញ្ជាក់ថា ក្រុមហ៊ុននំស្រួយលីលី ត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់សហគ្រាសល្អបំផុតដោយយោងលើកត្តាមួយចំនួនដូចជា ជាក្រុមហ៊ុនដែលចុះបញ្ជីកម្មសិទ្ធិបញ្ញាត្រឹមត្រូវ មានការពង្រីក អាជីវកម្មប្រកបដោយនិរន្តរភាព និងភាពជោគជ័យមានការចូលរួមនៅក្នុងសង្គមច្រើន គុណភាពនៃផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនជាដើម។

ដោយឡែកសម្រាប់ពានរង្វាន់អ្នកគ្រប់គ្រងប្រចាំឆ្នាំដែលអ្នកស្រីទទួលបាននេះដោយសារតែ អ្នកស្រីគ្រប់គ្រងក្រុមហ៊ុនមានការរីកចម្រើន មានការអនុគ្រោះ និងលើកទឹកចិត្តដល់កម្មករ និងការចូលរួមការងារសង្គមរបស់អ្នកស្រីជាដើម។ សម្រាប់អ្នកស្រី ពានរង្វាន់នេះ ពិតជាមានអត្ថន័យធំធេងក្រៃលែងក្នុងនាមជាស្រី្តខ្មែរម្នាក់ដែលទទួលបាននូវពានរង្វាន់កម្រិតអន្តរជាតិដូច្នេះ។

តើហេតុអ្វីបានជាអ្នកស្រីបង្កើតអាជីវកម្មនេះ ហើយអ្វីដែលនាំឲ្យអ្នកស្រីទទួលលទ្ធផលជាផ្លែផ្កាដូចសព្វថ្ងៃនេះ?

សិប្បកម្មនំស្រួយលីលីបង្កើតឡើងនៅឆ្នាំ ២០០២ ។ បើតាមអ្នកស្រី កែវ មុំ មូលហេតុដែលធ្វើឲ្យអ្នកស្រីបង្កើតអាជីវកម្មនេះឡើងគឺដោយសារអ្នកស្រីយល់ឃើញថា ការផលិតទំនិញសម្រាប់បំពេញតម្រូវការក្នុងស្រុកគឺជាឱកាសដ៏ល្អមួយ ខណៈផលិតផលភាគច្រើននាំចូលមកពីបរទេស។ ល្អគឺដោយសារ វត្ថុធាតុដើមសម្រាប់ផលិត មានភាពងាយស្រួលរក និងមានតម្លៃសមរម្យ (ដោយសារតែវាផ្សំឡើងពីពោត និងអង្ករប៉ុណ្ណោះ)។ ម្យ៉ាងវិញទៀត វាក៏ចំណេញថ្លៃដឹកជញ្ជូនផងដែរ។

ម្ចាស់ក្រុមហ៊ុនវ័យ ៤១ ឆ្នាំរូបនេះបានបញ្ជាក់ថា ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនដំបូងអ្នកស្រីពិតជាជួបនូវការលំបាកខ្លះៗដែរ ទាំងចំណេះដឹង ជំនាញលើការផលិត និងទីផ្សារ។

បញ្ហាទីផ្សារក៏ជារឿងមួយដែលអ្នកស្រីត្រូវដោះស្រាយផងដែរ។ អ្នកស្រីបានថ្លែងថា៖ «ផលិតផលដែលនាំចូលពីបរទេសច្រើន ផលិតផលដែលនៅស្រុកខ្មែរគេមិនសូវឲ្យតម្លៃប៉ុន្មានទេ។ អ្នកលក់មិនចង់ទទួលយកទៅលក់ទេ។ យើងដើរទៅអង្វរគាត់ ដើរទៅបង្ហាញប្រាប់គាត់ ពន្យល់គាត់ ពីគុណភាពផលិតផលរបស់យើងសព្វបែបយ៉ាង [...] ដើម្បីឲ្យគាត់ទទួលស្គាល់»។

សហគ្រិនស្ត្រីរូបនេះបានបន្តទៀតថា៖ «ជាសហគ្រិនស្ត្រី ការគ្រប់គ្រង និងដឹកនាំបុរសក៏ជាបញ្ហាមួយទៀតផងដែរ គាត់ (បុរសជាកម្មករ) ពុំសូវជាស្ដាប់យើងប៉ុន្មានទេ ប៉ុន្តែការព្យាយាម និងការធ្វើឲ្យចេញជាលទ្ធផល អ៊ីចឹងគាត់នឹងគោរពហើយ»។

ប្រធានក្រុមហ៊ុន និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជារូបនេះបានប្រាប់ថា៖ «សហគ្រិនស្ត្រីទាំងអស់ត្រូវតែជម្នះនូវឧបសគ្គទាំងឡាយដែលខ្លួនជួបប្រទះ មិនត្រូវខ្លាចរអានៅពេលដែលជួបបញ្ហា។ ត្រូវគិតថា បញ្ហាជាឈ្នាន់មួយសម្រាប់ឆ្ពោះទៅរកភាពជោគជ័យ។ គាត់ (ស្ត្រី) គួរតែចូលរួមក្នុងសង្គមឲ្យបានច្រើន គឺគាត់អាចមើលឃើញនូវពិភពខាងក្រៅដ៏ធំធេង។ បើគាត់ធ្វើ Business តែទីកន្លែងមួយមិនព្រមចូលក្នុងសង្គមគឺអាជីវកម្មពិបាកនឹងរីកចម្រើនលូតលាស់ណាស់»។

នៅពេលដែលសួរថា តើធ្វើដូចម្តេចដើម្បីឲ្យអាជីវកម្មមួយទទួលបានជោគជ័យ? នាយិកាក្រុមហ៊ុនរូបនេះបានឆ្លើយតបថា ម្ចាស់អាជីវកម្មត្រូវគិតពីគុណភាពជាចម្បង បើផលិតផលកាន់តែមានគុណភាពអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត បើទោះបីជាចំណេញតិចក៏ដោយ។

អ្នកស្រី កែវ មុំ បានបញ្ជាក់ថា ផលិតផល របស់ក្រុមហ៊ុននំស្រួយលីលីមានគុណភាពអាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសជិតខាងបាន។ ផលិតផលនំស្រួយលីលីបាននាំចេញទៅក្រៅស្រុកផងដែរ ដែលក្នុងនោះមានសហរដ្ឋអាមេរិក និងភូមា។ ផលិតផលនំស្រួយលីលីមានភាពពិសេសជាងផលិតផលដទៃ ដោយសារតែវត្ថុធាតុដើមផលិតពីអង្ករផ្កាម្លិះជាដើមដែលធ្វើឲ្យគុណភាពនំកាន់តែមានរសជាតិ។

ម្យ៉ាងវិញទៀត នំស្រួយលីលីត្រូវបានផលិតឡើងតាមស្ដង់ដារ ISO ស្ដង់ដារសុវត្ថិភាពចំណីអាហារដែលមានការគាំទ្រ និងបណ្ដុះបណ្ដាលពីក្រសួងឧស្សាហកម្ម និងបណ្ដាអង្គការមួយចំនួនទៀតដូចជា អង្គការ APO UNIDO និង JICA ជាដើម។

ជាចុងក្រោយ អ្នកស្រី កែវ មុំ បានសំណូមពរឲ្យម្ចាស់អាជីវកម្មទាំងអស់គិតពីគុណភាព និងសុខភាពអ្នកប្រើប្រាស់ជាចម្បងទើបអាជីវកម្មនោះទទួលបានជោគជ័យ។ អ្នកស្រីក៏បានសំណូមពរឲ្យប្រជាជនខ្មែរជួយគាំទ្រផលិតផលខ្មែរផង ព្រោះគុណភាពផលិតផលខ្មែរ ក៏មិនចាញ់បរទេសប៉ុន្មានដែរ៕