ភ្នំពេញៈ ការចាប់ផ្តើមអាជីវកម្មផលិតនំស្រួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើទីផ្សារបានផ្តើមចេញពីជីវិតជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនមួយដែលមានថៅកែជាជនជាតិសិង្ហបុរី។ អ្នកស្រីកែវមុំ នៅចងចាំទ្រឹស្តីថៅកែជនជាតិសិង្ហបុរី និយាយថា «បើចង់មានត្រូវមានផលិតផលមួយផ្តាច់មុខ»។

គំនិតនេះបានដក់នៅក្នុងទឹកចិត្តរបស់អ្នកស្រី កែវ មុំ ដែលបច្ចុប្បន្នជានាយិកាក្រុមហ៊ុនលីលីផលិតនំស្រួលលីលីចាប់តាំងពី ខែឧសភា ឆ្នាំ ២០០២ ដោយមានដើមទុនសរុបប្រមាណ៦ម៉ឺនដុល្លារ។

អ្នកស្រី កែវ មុំ និយាយថា មុនបើកសិប្បកម្មផលិតនំស្រួយដែលគេអាចរកទិញនៅលើទីផ្សារនេះបានអ្នកស្រីធ្លាប់បម្រើការងារនៅក្រុមហ៊ុនដែលមានថៅកែជាជនជាតិសិង្ហបុរីនាំចូលផលិតផលពីប្រទេសជិតខាងដូចជាស្រាបៀរ នំធុង និង ភេសជ្ជៈទឹកផ្លែផ្សេងៗ។

អ្នកស្រី និយាយថាថៅកែនោះបានប្រាប់ខ្ញុំថា៖ «បើយើងរកស៊ីលក់ដូរតែប៉ុណ្ណឹងគឺយើងមិនអាចធ្វើជាអ្នកមានបាននោះទេ។ បើយើងរកអ្វីមួយផ្តាច់មុខតែម្នាក់ឯង សូម្បីតែផលិតផលមួយក៏យើងអាចធ្វើជាអ្នកមានបានដែរ»។

អ្នកស្រីបានបន្តទៀតថាពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយតែថ្ងៃមួយអ្នកស្រីត្រូវបានក្រុមហ៊ុនប្រគល់តួនាទីជាអ្នកលក់ឲ្យក្រុមហ៊ុនហើយក៏មានឱកាសរៀនពីរបៀបគ្រប់គ្រងអាជីវកម្មនិងបុគ្គលិក។

អ្នកស្រីបន្តថា៖ «យើងមិនដឹងថាតើទៅធ្វើជាអ្នកមានយ៉ាងម៉េចបើលុយគ្មានហើយចំណេះក៏ខ្សត់។ ខ្ញុំចេះតែគិតទុកក្នុងចិត្តហើយបន្ទាប់ពីរៀបការគឺយើងចាប់ផ្តើមសង្កេតមើលអាជីវកម្មដែលនាំឲ្យម្ចាស់ក្លាយជាអ្នកមានលឿននិងពីរបៀបគ្រប់គ្រងបុគ្គលិក»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំចាប់ផ្តើមគិតថាបើយើងចាប់ផ្តើមផលិតនៅក្នុងស្រុកគឺយើងបានចំណេញថ្លៃដឹកជញ្ជូន។ពោតនិងអង្ករជាផលិតផលរបស់ខ្មែរដ៏មានសក្តានុពលហើយមានតម្លៃថោកនិងមានគុណភាពល្អទៀត»។

អ្នកស្រី លើកឡើងថាគំនិតនៅក្នុងចិត្តគឺបានបណ្តុះនូវអ្វីៗដែលអ្នកស្រីមាននៅក្នុងថ្ងៃនេះព្រោះវាជាមេពូជដ៏មានសក្កានុពលបំផុតសម្រាប់បណ្តុះការតាំងចិត្តនិងការព្យាយាមឲ្យដើរទៅរកមធ្យោបាយដែលខ្លួនចង់បាននិងកំណត់ទុក។ អ្នកស្រីថ្លែងថា៖ «ពេលយើងមានចំណង់យើងចេះតែសួរគេ។ ពេលយើងដើរជួបម្នាក់យើងផ្តើមសួរម្នាក់ហើយយើងព្យាយាមសួរយូរៗទៅយើងក៏បានជួបអ្វីដែលយើងចង់ដឹងនិងចង់បាន»។

ឪពុកម្តាយជាអ្នកខេត្តតាកែវ ហើយត្រូវខ្មែរក្រហមជម្លៀសទៅនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាទីកំណើតរបស់អ្នកស្រី កែវ មុំ ហើយក្រោយពីបញ្ចប់របបខ្មែរក្រហម ក្រុមគ្រួសារបានមករស់នៅទីក្រុងភ្នំពេញដោយប្រកបរបរលក់ដូរ។

អ្នកស្រី កែវ មុំ បានអះអាងថា អ្នកស្រីរៀនបានត្រឹមចប់អនុវិទ្យាល័យប៉ុណ្ណោះ។

សហគ្រិនស្រីរូបនេះពន្យល់ថាអ្នកស្រីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនពីសិប្បកម្មខ្នាតតូចមានទុនតិច និងមានកម្មករប្រមាណ២០នាក់តែបច្ចុប្បន្ននេះសិប្បកម្មបានប្រែក្លាយជាឧស្សាហកម្មផលិតនំស្រួយមួយធំនិងមានបុគ្គលិករហូតដល់ជាង១០០នាក់។

អ្នកស្រីនិយាយថា៖ «កាលពីខ្ញុំចាប់ផ្តើមដំណើរការដំបូងយើងមិនបានចេះអ្វីទំាងអស់តែខ្ញុំមានគំនិតមួយថាការនាំចូលផលិតផលពីប្រទេសជិតខាងមានច្រើនណាស់ក្នុងមួយថ្ងៃៗ ដោយពុំទាន់មានផលិតផលក្នុងស្រុកលក់នោះទេ»។

តែការប្រឈមមុខពីដំបូងក៏មានច្រើនដែរដូចជាអាជីវកម្មនៅខ្នាតតូចកង្វះដើមទុនគឺមិនមានធនាគារណាចង់ឲ្យខ្ចីនោះទេឬការខ្ចីនោះបានចំនួនតិចតួចបំផុតហើយនៅពេលដែលអាជីវកម្មដើរបានស្រួលភាគីធនាគារមានភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចីទោះបីទំហំប៉ុន្មានក៏គេមិនសូវសាញដែរ។

រហូតដល់ឆ្នាំ២០០៥ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលអង្គការ APO UNIDO បានចុះមកដល់សិប្បកម្មផ្ទាល់ហើយបានជ្រើសរើសសិប្បកម្មនំស្រួយលីលី ជាគំរូសម្រាប់ការអនុវត្តកម្មវិធីផលិតផលស្អាតដោយផោ្តតទៅលើការផលិតដែលមិនប៉ះពាល់ដល់បរិស្ថាន។

ចាប់តាំងពីគម្រោងនោះបានជ្រើសរើសសហគ្រាសនំស្រួយលីលី ផលិតផលក្រុមហ៊ុននេះបានផលិតឡើងដោយទទួលបាននូវស្តង់ដារអនាម័យខ្ពស់ និងការសន្សំថ្លៃដើមបានច្រើន ហើយផលិតកម្មក៏កើនឡើងផងដែរ។

រហូតមកដល់ពេលនេះផលិតផលនំស្រួយនេះលក់ចែកចាយទៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេស។អ្នកស្រីនិយាយ ថា៖ «នាងខ្ញុំមានមោទនភាពត្រង់ថាផលិតផលខ្មែរគ្រាន់តែផលិតបានភ្លាមចែកចាយនៅលើទីផ្សារ យើងទទួលបានការគំាទ្រពីប្រជាជននិងមានគុណភាពអាចប្រកួតប្រជែងជាមួយនំនាំចូលពីបរទេសនិងបានកាត់បន្ថយការនាំចូលនំពីប្រទេសជិតខាងមួយចំនួនផងដែរ»៕