ភ្នំពេញៈ សិប្បកម្មនំស្រួយលីលីនឹងពង្រីកផលិតកម្មរបស់ខ្លួនដើម្បីត្រៀមទប់ទល់ការហូរចូលទំនិញដោយសេរីនៅឆ្នាំ២០១៥ ជាពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើតឡើង។

អ្នកស្រី កែវ មុំ ម្ចាស់សិប្បកម្មនំស្រួយលីលី បាននិយាយថាក្រុមហ៊ុននេះបាននាំចូលម៉ាស៊ីនផលិតថ្មីទៀតពីប្រទេសចិនដែលមានសមត្ថភាពផលិតយ៉ាងច្រើនដោយប្រើប្រាស់អង្ករប្រមាណ១០០តោនក្នុងមួយខែ។

អ្នកស្រីបន្តថាម៉ាស៊ីននាំមកពីប្រទេសចិនមានតម្លៃប្រមាណ ១លានដុល្លារ។

គោលបំណងធំនាំទៅរកការពង្រីកការផលិតនេះគឺដើម្បីពង្រីកវិសាលភាពទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញក្នុងពេលខាងមុខ។ នេះបើតាមអ្នកស្រី កែវ មុំ។ អ្នកស្រីថ្លែងថា៖

«មូលហេតុដែលខ្ញុំត្រូវសម្រេចវិនិយោគបន្ថែមគឺដោយសារប្រទេសកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ហើយបើយើងមិនវិនិយោគបន្ថែមទេអ្វីដែលស្ថិតនៅដដែលៗគឺយើងនឹងមិនរីកចម្រើននោះទេ»។ អ្នកស្រីបន្ថែមថា ត្រូវឲ្យប្រជាជនក្នុងស្រុកគាំទ្រផលិតផលក្នុងស្រុកថាមានគុណភាពសិន។ បន្ទាប់មកទើបសម្លឹងទៅរកទីផ្សារផ្សេង។

អ្នកស្រីបន្តថា៖ «មុននឹងយើងសម្រេចវិនិយោគបន្ថែមយើងសិក្សាបានច្រើនហើយយើងឃើញទីផ្សារមានសក្តានុពលខ្លាំងក្នុងការវិនិយោគយើងអាចនឹងទទួលប្រាក់ចំណេញមកវិញ។ យើងត្រូវការស្រាវជ្រាវអ្វីដែលថ្មីទើបយើងអាចឈរជើងនៅលើទីផ្សារបាន។ បើមិនដូចនេះទេយើងមិនអាចប្រជែងជាមួយគេយូរអង្វែងបាននោះទេ»។

លោក ម៉េង សក្កិធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មក្រសួងឧស្សាហកម្ម រ៉ែនិងថាមពលថ្លែងថាផលិតផលកម្ពុជាមួយចំនួនកាន់តែមានគុណភាពប្រកួតប្រជែងជាមួយទំនិញនាំចូល។

លោកបន្តថាទំនិញកម្ពុជាត្រូវបានគេតាំងលក់ច្រើនឡើងៗនៅតាមផ្សារទំនើបនានាដែលជាកត្តាជំរុញទឹកចិត្តដល់ផលិតករក្នុងស្រុកកាន់តែខ្លាំងតែកត្តាដែលមិនអាចនាំចេញបានគឺដោយសារនីតិវិធីមិនទាន់ងាយស្រួល។ លោកថ្លែងថា៖«អ្វីដែលសំខាន់នៅពេលនេះគឺនីតិវិធីច្បាប់នៃការនាំចេញប៉ុណ្ណោះព្រោះបើនិយាយពីគុណភាពគឺយើងអាចទៅរួច»។

សិប្បកម្មនំស្រួយលីលី បានប្រើប្រាស់ផលិតផលក្នុងស្រុកប្រមាណ ៧០ទៅ៨០ភាគហើយការផលិតបន្ទាប់នេះគឺចែកចាយក្នុងស្រុកផងនិងនាំចេញផង។ អ្នកស្រី កែវ មុំបាននិយាយថា៖

«យើងផលិតនំដែលអាចនំាចេញបាននិងអាចប្រកួតប្រជែងជាមួយនឹងគេបាន»៕