អ្នកស្រី កែវ មុំ ដែលជាម្ចាស់ក្រុមហ៊ុនលីលីផលិតនំស្រួយនៅកម្ពុជា បានទទួលពានរង្វាន់ «អ្នកគ្រប់គ្រងប្រចាំឆ្នាំ» និងក៏ជាម្ចាស់ក្រុមហ៊ុន ដែលបានទទួលពានរង្វាន់ «សហគ្រាសល្អបំផុត»ពីប្រទេសអង់គ្លេសផងដែរ។ ពិធីប្រគល់ពានរង្វាន់ទាំងពីររបស់ស្ថាប័ន យូរ៉ុប ប៊ីស្ស៊ីនីស អាស្សឹមប្ល៊ី (Europe Business Assembly)នៅទីក្រុងអុកស្វឺត (Oxford) បានប្រពឹត្តទៅ ចំថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ នាទីក្រុងឡុងដ៍។ អ្នកស្រី កែវ មុំ ដែលទើបត្រឡប់មកដល់ទីក្រុងភ្នំពេញវិញ យប់មិញ ពន្យល់អំពីដំណើរដែលនាំឱ្យអ្នកស្រីទទួលបានកិត្តិយសដូច្នេះ។

ស្ត្រីម្ចាស់ក្រុមហ៊ុនលីលីផលិតនំស្រួយ បានទទួលពានរង្វាន់អន្តរជាតិ «អ្នកគ្រប់គ្រងប្រចាំឆ្នាំ» ពីចក្រភពអង់គ្លេស។ សហគ្រាសរបស់អ្នកស្រី កែវ មុំ ក៏បានទទួលពានរង្វាន់«សហគ្រាសល្អបំផុត» ពីប្រទេសនេះផងដែរ។

ពិធីប្រគល់ពានរង្វាន់ទាំងពីរជូនស្រ្តីខ្មែរអាយុ៤១ឆ្នាំរូបនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។
 
ជាយូរមកហើយ សហគ្រិនខ្មែរជាច្រើនទៀតមិនសូវហ៊ានបោះទុនវិនិយោគលើការផលិតទំនិញឱ្យដល់កម្រិតអន្តរជាតិឡើយ។ អ្នកស្រី កែវ មុំ ដែលទើបបានវិលត្រឡប់មកដល់កម្ពុជាវិញ កាលពីយប់មិញ បានពន្យល់អំពីមូលហេតុដែលនាំឱ្យអ្នកស្រីហ៊ានវិនិយោគលើផលិតផលចំណីអាហារនៅកម្ពុជាឱ្យដល់កម្រិតអន្តរជាតិដូច្នេះ៖
ឃ្លីប៖ កែវ មុំ
 
សូមបញ្ជាក់ថា អ្នកស្រី កែវ មុំ គឺជា«អ្នកគ្រប់គ្រងប្រចាំឆ្នាំ»ម្នាក់ ក្នុងចំណោមអ្នកគ្រប់គ្រងក្រុមហ៊ុនល្បីៗ៤០រូប មកពី៣២ប្រទេសលើពិភពលោក ដែលបានទទួលពានរង្វាន់លំដាប់កំពូលនេះ។
 
សហគ្រាសផលិតនំស្រួយលីលីរបស់អ្នកស្រី គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសពីររបស់កម្ពុជា ដែលបានទទួលពានរង្វាន់«សហគ្រាសល្អបំផុត»។ សហគ្រាសមួយទៀតរបស់កម្ពុជានោះគឺរដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនរបស់រដ្ឋ៕