នាព្រឹកថ្ងៃពុធ​ ទី២១ ខែមិថុនា ឆ្នាំ២០១៧  លោកជំទាវឧកញ៉ា កែវ មុំ ​ជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចូលរួមកម្មពិធី សិក្ខាសាលា ផ្សព្វផ្សាយអំពី ការកំណត់សញ្ញាថាផលិតផលនៅកម្ពុជាមានគុណភាពខ្ពស់ និងផលិតតាមស្តង់ដារអនាម័យ ក្រោមអធិបតីភាព ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានក្រុមហ៊ុនជាច្រើនបានចូលរួមដើម្បីបង្ហាញអំពី ផលិតផល និងគុណភាពរបស់ខ្លួននោះ។

ក្នុងនោះដែលលោកជំទាវឧកញ៉ា កែវ មុំ ដែលជា​អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី(ជាប្រភេទក្រុមហ៊ុន ផលិតចំណីអាហារ នំស្រួយ លីលី) បានលើកឡើងថា ផលិតផលនំស្រួយ លីលី បានផលិតតាមស្តង់ដារអនាម័យ និងគុណភាព របស់ប្រទេសជប៉ុន និងរូមបញ្ចូលនូវវីតាមីន & សារជាតិបំប៉នជាច្រើនប្រភេទដើម្បីជួយឲ្យកុមារមានសុខភាពល្អ ការលូតលាស់ រាងកាយ និងបងើ្កនបញ្ញារបស់កុមារកាន់តែឆ្លាតវៃ ជាពិសេសជួយដល់ស្រ្តីមានផៃ្ទពោះ ក្នុងការ កាត់បន្ថយពិការភាពរបស់កុមារ។

ក្រុមហ៊ុន លីលី បានបង្កើតឡើងនៅឆ្នាំ ២០០២ ហើយក៏ជាក្រុមហ៊ុនគំរូ ឈានមុខគេផែ្នកគុណភាព និងអនាម័យផ្នែកផលិតផលម្ហូបអាហារ នៃប្រទេសកម្ពុជានិងទទួលបានពាន​រង្វាន់ផ្នែកជាតិនិងអន្តជាតិផងដែរ។ ផលិតផលនំស្រួយ លី​លី ក៏បាននាំចេញទៅទីផ្សារបរទេសជាច្រើនប្រទេសរូមមាន សហរដ្ឋអាមេរិច ចិន កាណាដា កូរ៉េខាងត្បូង មីយ៉ាន់ម៉ា(ភូមា) អូស្ត្រាលី ម៉ាឡេស៊ី វៀតណាម និងអ៊ីតាលី។

លោកស្រីបានបន្តថា៖ គោលបំណងក្រុមហ៊ុន នឹងសិក្សាពីតម្រូវការជួយដល់ កសិករអាចដាំដុះពោតនិងអង្ករ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលអាចកាត់បន្ថយភាពក្រីក្រស្រប ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអាចកាត់បន្ថយការនាំចូលផលិតផល ពី ប្រទេសជិតខាង។