ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតនំ ស្រួយលីលី បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Trading Company របស់ចិន ដើម្បីនាំផលិតផល ពីកម្ពុជា ហើយបច្ចុប្បន្ន ភាគីទាំងពីរកំពុង ពិនិត្យពីឯកសារ និងបែបបទមួយចំនួន។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើង ខណៈដែលដំណើរទស្សនកិច្ច មួយរបស់លោក ស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន ផលិតនំស្រួយលីលី នាពេលថ្មីៗនេះ។ លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន ផលិតនំស្រួយលីលី បានមានប្រសាសន៍ថា  ក្រុមហ៊ុនចិនបន្ទាប់ពីបានទស្សនកិច្ច ក្រុមហ៊ុន លោកស្រីនាពេលកន្លងមក ហើយថ្មីៗនេះភាគីទាំងពីរ បានព្រមទិញផលិតផលនំស្រួយលីលី យកទៅលក់ប្រទេសចិន និងសន្យាថា នឹងអាចលក់បានពី១០ កុងតឺន័រទៅ ២០កុងតឺន័រក្នុង ១ខែ ហើយជាក្រុមហ៊ុនធំដែលនាំ ផលិតផលពីក្រៅប្រទេស ។ លោកស្រីបានបន្តថា  កម្ពុជាពិតជាមានមោទនៈភាព ព្រោះមានអង្ករផ្ការំដួលជាអង្ករ ដែលជាប់លំដាប់ថ្នាក់លេខ១ លើពិភពលោក អាចយកមកផលិត ជានំមានរសជាតិឆ្ងុញឆ្ងាញ់ ដែលអាចប្រកួតប្រជែងជាមួយ ផលិតផលពីក្រៅប្រទេស បានថែមទៀត។ ចិនជាទីផ្សារធំជាងគេលើ ពិភពលោក បើសិនជាកម្ពុជាមានផលិតភាព ច្រើនក្នុងការផលិតគឺមាន ឱកាសកាន់តែច្រើន ។ លោកស្រីបានបញ្ជាក់ថា «នេះជាលើកទី១ សម្រាប់ក្រុមហ៊ុនផលិតនំ ស្រួយលីលី ដែលបានចាប់ យកទីផ្សារប្រទេសចិន  ហើយភាគី ទាំងពីរ នឹងនាំចេញទៅរយៈពេលពី ២ទៅ ៣ខែ ទៀត »។ ចំណែកលោក  ហេង សុខ គង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ ការមកបណ្តាក់ទុន ពីក្រៅប្រទេសលើគ្រប់វិស័យ ហើយក្រុមហ៊ុននំ ស្រួយលីលី ជារោងចក្រគំរូ របស់កម្ពុជា ដែលផ្តើមចេញពីខ្នាតតូច និងក្លាយជាខ្នាតធំ ដែលបង្ហាញពីការ ប្រឹងប្រែងការផលិត របស់ម្ចាស់ភាគហ៊ុន លើគុណភាពផ្ទាល់ មានការទទួលស្គាល់ជាអន្តរជាតិ។ លោកបានបន្ថែមថារោងចក្រ ផលិតនាំស្រួយលីលីជាកូនសិស្ស គំរូរបស់កម្ពុជាហើយរោងចក្រ ផលិតកម្មទាំងអស់នៅកម្ពុជា ដែលមិនបានចុះបញ្ជីនោះ ត្រូវមកចុះបញ្ជីតាមផ្លូវច្បាប់ ហើយក្រៅពីនេះ មានវគ្គបណ្តុះបណ្តាលពង្រឹង លើកកម្ពស់គុណភាព នៃការផលិតហើយជម្រុញកំណើន ផលិតភាពរបស់សិប្បកម្ម និងរោងចក្រផងដែរ។ ក្រុមហ៊ុនផលិតនំស្រួយលីលីនៅឆ្នាំ២០១៦នេះបាននាំចេញផលិតផលរបស់ខ្លួនចំនួ ១០ តោនទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេស ៦ទៀតក្នុងតំបន់។ បច្ចុប្បន្ននេះក្រុមហ៊ុន កំពុងតែសាងសង់រោងចក្រ ថ្មីនៅជាយក្រុង ដែលតាមគម្រោង នឹងដំណើរនៅឆមាសទី២ ដើមឆ្នាំ២០១៦ខាងមុខនេះ៕ 

source: Dap-news